ការធ្វើទីផ្សារ (Introduction)
ការធ្វើទីផ្សារគឺជាប្រធានបទដែលត្រូវបានស្នើសុំច្រើនជាងគេមកកាន់មជ្ឈមណ្ឌលព័ត៌មានឌីជីថល។ ម្ចាស់អាជីវកម្មទាំងអស់ដឹងពីសារៈសំខាន់នៃការធ្វើទីផ្សារសម្រាប់អាជីវកម្មរបស់ខ្លួន ហើយពួកគាត់ចង់រៀនបន្ថែមពីរបៀបធ្វើទីផ្សារនេះឲ្យកាន់តែមានប្រសិទ្ធភាព។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់អាជីវកម្មភាគច្រើននៅតែគិតថាការធ្វើទីផ្សារគ្រាន់តែជាការផ្សព្វផ្សាយលើហ្វេសប៊ុកប៉ុណ្ណោះ ប៉ុន្តែតាមពិតវាមានច្រើនជាងនេះទៅទៀត។
ខាងក្រោមនេះ ជាគោលការណ៍មួយចំនួនក្នុងការធ្វើទីផ្សារដែលអ្នកគួរគិតពិចារណា៖
អតិថិជនគោលដៅ
កត្តាចម្បងក្នុងការធ្វើទីផ្សារគឺ ការកំណត់អតិថិជនគោលដៅសម្រាប់អាជីវកម្មរបស់អ្នក។ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប អ្នកត្រូវស្គាល់ច្បាស់ពីអតិថិជនគោលដៅរបស់ខ្លួន នេះមិនមែនត្រឹមតែស្គាល់ពីអាយុ និងភេទរបស់ពួកគេទេ អ្នកត្រូវស្គាល់ពីចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្តរបស់ពួកគេ និងថាតើពួកគេចូលចិត្តចំណាយពេលនៅឯណាខ្លះ? នៅពេលដែលអ្នកដឹងពីអតិថិជនគោលដៅរបស់អ្នកច្បាស់ នោះអ្នកអាចចាប់ផ្តើមសម្រេចចិត្តបានថា៖
-
តើអ្នកនឹងប្រាស្រ័យទាក់ទងជាមួយពួកគេបានដោយរបៀបណា? តើសារបែបណាដែលត្រូវនឹងពួកគេ?
-
តើអ្នកនឹងទាក់ទងជាមួយពួកគេតាមរយៈណា? ហ្វេសប៊ុក? WhatsApp? ការផ្សព្វផ្សាយពាណិជ្ជកម្ម?
ផលិតផល
តើផលិតផលរបស់អ្នកត្រូវនឹងអតិថិជនគោលដៅរបស់អ្នកដែរ ឬទេ? តើការវេចខ្ចប់ និងគុណភាពនៃផលិតផលបានតំណាងឱ្យប្រ៊ែនរបស់អ្នកទៅកាន់អតិថិជនប្រកបដោយប្រសិទ្ធភាពល្អដែរឬទេ? ទាំងនេះគឺជាទិដ្ឋភាពទូទៅនៃការធ្វើទីផ្សារ តើអ្នកអាចធ្វើឲ្យប្រ៊ែនរបស់អ្នកមានទំនាក់ទំនងនឹងអតិថិជនតាមរបៀបណា?
តម្លៃ
តើតម្លៃផលិតផលរបស់អ្នកត្រូវនឹងផលិតផល និងអតិថិជនគោលដៅដែរ ឬទេ? ប្រសិនបើអតិថិជនគោលដៅរបស់អ្នកចង់បានគុណភាពល្អ ហើយផលិតផលមានប្រើបានយូរអង្វែង ប៉ុន្តែតម្លៃផលិតផលរបស់អ្នកថោកពេក វាអាចនឹងមិនតំណាងឱ្យគុណភាពនៃផលិតផលដល់អតិថិជននោះទេ។ ពេលអតិថិជនអាចមើលឃើញតម្លៃ ពួកគេអាចគិតថាផលិតផលមានគុណភាពមិនល្អ ទោះបីជាតាមពិតវាមានគុណភាពល្អក៏ដោយ។ អ្នកត្រូវប្រាកដថាតម្លៃនៃផលិតផលបានតំណាងឲ្យអ្វីដែលអ្នកចង់ប្រាប់ទៅកាន់អតិថិជន។
ទីតាំង
តើអ្នកនឹងចែកចាយផលិតផលអ្នកតាមរបៀបណាខ្លះ? លើបណ្តាញអ៊នឡាញ ឬនៅហាងផ្ទាល់? តើអតិថិជនគោលដៅរបស់អ្នកចង់ទទួលបានផលិតផលរបស់អ្នកយ៉ាងដូចម្តេច? តើពួកគេត្រូវការទៅមើលដល់កន្លែងនិងប៉ះមុនពេលពួកគេទិញដែរ ឬទេ?
ប្រូម៉ូសិន
ចុងក្រោយគេគឺការប្រូម៉ូសិន ហើយសព្វថ្ងៃផ្នែកសំខាន់នៃការផ្សព្វផ្សាយគឺការធ្វើទីផ្សារបែបឌីជីថល។ តើអ្នកអាចធ្វើឲ្យផលិតផលរបស់អ្នកទៅដល់អតិថិជនយ៉ាងមានប្រសិទ្ធភាពបានដោយរបៀបណា?។ ការទីផ្សារបែបឌីជីថលគឺជាប្រធានបទដ៏ទូលំទូលាយមួយ ដើម្បីស្វែងយល់បន្ថែមសូមមើលវីដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់យើងជាមួយអ្នកនឹងជំនាញផ្នែកទីផ្សារ លោក ស្រៀង អង្គារ័ត្ននៅទីនេះ។
0 Comments