ជំហានដំបូងដើម្បីឲ្យហិរញ្ញវត្ថុអាជីវកម្មរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រងបានល្អគឺ ត្រូវប្រាកដថាអ្នកបានបំបែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក។ បើអ្នកមិនបែងចែករវាងប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួនទេ អ្នកប្រាកដជាមិនដឹងថាតើអាជីវកម្មរបស់អ្នកមានប្រាក់ប៉ុន្មាន ឬថាតើអាជីវកម្មរកប្រាក់ចំណេញ ឬខាតបង់ឡើយ។ នៅពេលដែលអ្នកសម្រេចចិត្តដើម្បីបែងចែកហិរញ្ញវត្ថុរបស់អ្នក នោះអ្នកត្រូវដឹងពីរបៀបធ្វើវាផងដែរ។
ខាងក្រោមនេះជាគន្លឹះ ៥ ជំហានសម្រាប់អ្នកដើម្បីបែងចែកហិរញ្ញវត្ថុ និងគ្រប់គ្រងអាជីវកម្មរបស់អ្នក៖
១. សម្រេចចិត្តពីដើមទុនដែលអាជីវកម្មរបស់អ្នកត្រូវការ
ដំបូងអ្នកត្រូវសម្រេចចិត្តថាតើអាជីវកម្មរបស់អ្នកត្រូវការប្រាក់ប៉ុន្មាន ប្រសិនបើអ្នកមានអាជីវកម្មតូចតាច វាប្រហែលជា ១០០ ដុល្លារ ឬបើអ្នកមានអាជីវកម្មធំជាងនេះបន្តិច វាប្រហែលជា ១០០០ ដុល្លារ អាស្រ័យតាមទំហំអាជីវកម្មរបស់អ្នក។ វាមិនជាបញ្ហាទេប្រសិនបើអ្នកមិនច្បាស់ពីចំនួននោះ ព្រោះអ្នកអាចថែមវានៅពេលក្រោយទៀតបាន។
២. កុំចំណាយលើរបស់របរផ្ទាល់ខ្លួនជាមួយនឹងលុយអាជីវកម្ម ហើយកុំបង់ប្រាក់សម្រាប់រឿងអាជីវកម្មដោយលុយផ្ទាល់ខ្លួនអ្នក។
ឥឡូវអ្នកមានដើមទុននៅក្នុងអាជីវកម្ម ដែលត្រូវការរក្សាប្រាក់ជាលុយរបស់អាជីវកម្ម។ នេះមានន័យថាអ្នកមិនអាចយកលុយអាជីវកម្មទៅទិញរបស់ផ្ទាល់ខ្លួនបានឡើយ។ ហើយនេះក៏មានន័យថាអ្នកមិនអាចយកលុយផ្ទាល់ខ្លួន ទៅទិញរបស់សម្រាប់មុខជំនួញដែរ។ អ្វីគ្រប់យ៉ាងចាំបាច់ត្រូវនៅដាច់ដោយឡែកពីគ្នា។
៣. ផ្តល់ប្រាក់ឈ្នួលឲ្យខ្លួនឯង
ការចំណាយលើប្រាក់ឈ្នួលខ្លួនឯងមានន័យថាអ្នកនឹងលែងត្រូវការទិញរបស់របរផ្ទាល់ខ្លួនជាមួយលុយអាជីវកម្មទៀតហើយ។ នៅពេលដែលអ្នកទទួលបានប្រាក់ឈ្នួល ឥឡូវនេះប្រាក់របស់អ្នកត្រូវបានកត់ត្រាជាការចំណាយរបស់អាជីវកម្ម។ យើងដាក់ប្រាក់ឈ្នួលមួយដែលសមរម្យក្នុងគោលបំណងគិតអំពីចំនួនទឹកប្រាក់ដែលអ្នកនឹងត្រូវបង់ឱ្យនរណាម្នាក់ផ្សេងទៀតដើម្បីធ្វើការងារ់អោយអ្នក។ ហើយពេលខ្លះអាជីវកម្មរបស់អ្នកមិនទាន់អាចមានលទ្ធភាពជួលមនុស្សផ្សេងមកធ្វើការឲ្យឡើយ តែវាមិនមានបញ្ហាអ្វីឡើយ នោះគ្រាន់តែជាគោលដៅដំបូងរបស់អ្នកប៉ុណ្ណោះ។
៤. កត់ត្រាប្រាក់ដែលអ្នកដាក់ចូលក្នុងអាជីវកម្ម
ប្រសិនបើអ្នកត្រូវដាក់ប្រាក់បន្ថែមចូលក្នុងអាជីវកម្មសូមកត់ត្រាវា! ប្រសិនបើអាជីវកម្មអស់លុយ អ្នកត្រូវកត់ត្រាវានៅក្នុងអាជីវកម្មជាប្រាក់កម្ចី (ប្រសិនបើអ្នកចង់សង) ឬជាការវិនិយោគដើមទុនបន្ថែម ។ អ្នកអាចកត់ត្រាជាប្រភេទមួយណាក៏បានដែរ ដរាបណាអ្នកកត់ត្រាវា។
៥. កត់ត្រាអ្វីៗទាំងអស់
ជំហានចុងក្រោយគឺកត់ត្រារាល់ប្រតិបត្តិការទាំងអស់ដែលកើតឡើង មិនថាតូច ឬធំឡើយ គ្រប់លុយរៀល ឬដុល្លារដែលចូល និងចេញពីអាជីវកម្មរបស់អ្នកទាំងអស់។ នៅពេលដែលអ្នកធ្វើបែបនេះ ទីបំផុតអ្នកអាចដឹងថាតើអាជីវកម្មរបស់អ្នករកប្រាក់បានប៉ុន្មាន ហើយបន្ទាប់មកអ្នកអាចចាប់ផ្តើមធ្វើការសម្រេចចិត្តបានប្រសើរជាងមុន។
កម្មវិធីកត់ត្រារៀលដែលត្រូវបានរចនាឡើងសម្រាប់សហគ្រិនស្ត្រីនឹងអាចទាញយកដោយឥតគិតថ្លៃឆាប់ៗនេះ! វាជាឧបករណ៍ដ៏ល្អសម្រាប់ជួយគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យកាន់តែប្រសើរ និង ជួយឲ្យអ្នកអាចគ្រប់គ្រងអាជីវកម្មរបស់អ្នកកាន់តែឆ្លាតវៃជាងមុន។
0 Comments