fbpx

សេចក្តី​ប្រកាស​ព័ត៌មាន៖ អង្គការ អាយឌីអ៊ីកម្ពុជា(iDE Cambodia) ដាក់បញ្ចូលសហគ្រាសសង្គម ស៊ី អុិនវេសមិន (SHE Investments)ទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីពង្រីកកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម និងពន្លឿនអាជីវកម្មសម្រាប់ស្រ្តី

by | Jan 31, 2024 | Uncategorized | 0 comments

អាយឌីអ៊ី និង សុី អុិនវេសមិនមានបេសកកម្ម និងចក្ខុវិស័យដូចគ្នាក្នុងការផ្តល់កម្មវិធីដែលផ្តោតលើ ការបង្កើនការគាំទ្រដល់សហគ្រិនស្ត្រីដើម្បីបង្កើនផលជះវិជ្ជមានកាន់តែច្រើនឡើង។

ភ្នំពេញ ប្រទេសកម្ពុជា (ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤) អង្គការអន្តរជាតិមិនរកប្រាក់ចំណេញអាយឌីអ៊ី (iDE) និង សុី អុិនវេសមិន (SHE Investments) ថ្ងៃនេះ បានប្រកាស ពីការសម្រេចរួម កម្លាំងគ្នា ដោយរួមបញ្ចូល នូវជំនាញរបស់ SHE ក្នុងការបណ្តុះបណ្តាលសហគ្រិនស្ត្រី ជាមួយនឹង បទពិសោធន៍ដ៏ទូលំទូលាយរបស់ iDE ដែលបាន ធ្វើការនៅទីជនបទជាច្រើនឆ្នាំក្នុងប្រទេសកម្ពុជា រួមទាំងជំនាញ និងកំណត់ត្រាជោគជ័យទាក់ទង នឹងការអភិវឌ្ឍទីផ្សារប្រកបដោយបរិយាប័ន្ន។

ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ក្រុមការងារ SHE បានក្លាយជាកម្មវិធីមួយរបស់អង្គការ iDE Cambodia ហើយ SHE នឹងបន្តការងារសំខាន់ៗរបស់ខ្លួនរួមមាន ការបង្កើត និងការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម និងពន្លឿនអាជីវកម្ម ដែលផ្តោតលើយេនឌ័រ និងស្របតាមវប្បធម៌ សង្គមសម្រាប់ស្ត្រីក្នុងប្រទេសកម្ពុជា។

នាយកប្រចាំប្រទេសនៃ iDE Cambodia លោក Kevin Robbins បានមានប្រសាសន៍ថា ការដាក់បញ្ចូល SHE ជា កម្មវិធីមួយរបស់ iDE គឺសាកសមបំផុត ពីព្រោះថាស្ថាប័នទាំងពីរមានបេសកកម្ម និងចក្ខុវិស័យដូចគ្នា ដោយផ្តោតលើការពង្រីក នូវការគាំទ្រដល់សហគ្រិនស្ត្រី បង្កើតឱ្យមានផលជះវិជ្ជមានកាន់តែច្រើនដល់គ្រួសារ និងសហគមន៍របស់ពួកគាត់។

«យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការស្វាគមន៍ SHE មកនៅក្រោមឆ័ត្រនៃ iDE ។ SHE មានកេរ្តិ៍ឈ្មោះល្បីល្បាយ លើកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម  និងពន្លឿនអាជីវកម្ម រួមជាមួយនឹងសេវាកម្ម ផ្សេងៗទៀត សំដៅគាំទ្រដល់សហគ្រិនស្ត្រីនៅកម្ពុជា ឱ្យទទួលបានជោគជ័យទាំងផ្នែកហិរញ្ញវត្ថុ និងភាព រីកចម្រើនដែលខ្លួនប្រាថ្នាចង់បាន»។

លោក Kevin Robbins បានបន្តទៀតថា៖ អាជីវកម្មដឹកនាំដោយស្ត្រី បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើត ការងារ លើកកម្ពស់បទដ្ឋាននៃជីវភាពរស់នៅ និងជំរុញការអភិវឌ្ឍប្រកបដោយបិរយាប័ន្ន។ យ៉ាងណាក្តី ស្ត្រី ប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាបញ្ហាក្នុងការការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលសមស្របទៅតាម លទ្ធភាពរបស់ពួកគេ ក៏ដូចជាការទទួលបាននៅបចេ្ចកវិទ្យា និងសេវាគាំទ្រនានា។

«តាមរយៈការផ្តោតលើការគាំទ្រដល់សហគ្រិនស្ត្រី iDE និង SHE ជឿជាក់ថាពួកយើងអាចបង្កើនអំណាចដល់ សហគមន៍ ជំរុញភាពចម្រុងចម្រើន និងសុខុមាលភាព។  យោងតាមភស្តុតាងដែលមាន  ស្ត្រីទំនងជាវិនិយោគ ប្រាក់​ចំណូល​ដែលខ្លួនមាន លើផ្នែកសុខភាព និងការអប់រំរបស់កូន» ​។

Celia Boyd សហស្ថាបនិក SHE បានលើកឡើងថា៖ អ្នកស្រី ពិតជារីករាយដោយដឹងថា ការងាររបស់ SHE នឹងបន្តគាំទ្រស្ត្រី គ្រួសារ និងសហគមន៍កាន់តែច្រើនថែមទៀតក្រោមការសហការណ៍ជាមួយ iDE ។

អ្នកស្រី Celia Boyd បានបន្ថែមថា៖ «យើងពិតជាមានមោទនភាព និងអរគុណដល់មិត្ត និងដៃគូជាច្រើនរបស់ យើងដែល បានចូលរួមជាផ្នែកដ៏សំខាន់ក្នុងដំណើររបស់ SHE និងសូមអរគុណដល់ស្ត្រីដ៏គួរឱ្យស្ញប់ស្ញែងនៅ ទូទាំងប្រទេសកម្ពុជា។ នេះ ជាសំណាងរបស់ពួកយើងដែលបានចូលរួមក្នុងដំណើរការអាជីវកម្មរបស់ពួកគាត់ ផ្ទាល់» ។

«រយៈពេលមួយទស្សវត្សន៍នេះ បានបញ្ជាក់ពីវិធីសាស្រ្តដែលមានប្រសិទ្ធភាព ដែលអាចឱ្យយើងយក សហគ្រិនស្រ្តីជា ចំណុចស្នូលនៃការងារទាំងឡាយដែលយើងធ្វើ ហើយពួកយើងជឿជាក់ថា អង្គការ iDE ជាដែគូល្អបំផុតដែលអាចបង្កើនផលជះវិជ្ជមាននេះទៅមុខបន្តទៀត។»

ក្រោមការរៀបចំរចនាសម្ព័ន្ធថ្មីនេះ SHE បានចូលរួមជាមួយ iDE ដែលមានទីស្នាក់ការនៅភ្នំពេញ និងខេត្ត សៀមរាប ហើយយីហោបច្ចុប្បន្ននឹងប្តូរទៅជា “គាំទ្រដោយ iDE” ។

អង្គការ iDE ស្វាគមន៍ចំពោះសំណួរ និងយោបល់របស់អ្នក។ អ្នកអាចទាក់ទងពួកយើងដោយផ្ញើអ៊ីម៉េលមកកាន់៖ Partnership@ideglobal.org

អំពី iDE

iDE (International Development Enterprises) គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ ដែលប្តេជ្ញា រួមចំណែកកាត់បន្ថយភាពក្រីក្រ។ ការងាររបស់យើងផ្តោតលើវិស័យ កសិកម្ម អនាម័យ ភាពធន់នឹងការ ប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ។ iDE ជឿជាក់លើការពង្រឹងអំណាចសហគ្រិនខ្នាតតូច និងការកសាងប្រព័ន្ធអេកូឡូស៊ីទីផ្សារដ៏រឹងមាំ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងខ្វះខាតក្នុងការអភិវឌ្ឍខ្លួន និងទទួលបានភាពរីកចម្រើនទៅ តាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេ។ iDE មានបុគ្គលិកសរ៉ុបប្រមាណ១៣០០នាក់ កំពុងធ្វើការនៅប្រទេសកម្ពុជា និងប្រទេស ទាំង១០ផ្សេងទៀត នៅអាហ្រ្វិក អាស៊ី និងអាមេរិកកណ្តាល។

ចុច​ទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីអាយឌីអ៊ី

អំពី SHE

SHE ធ្លាប់ជាសហគ្រាសសង្គមនៅកម្ពុជា ។ គិតត្រឹមខែ មករា ឆ្នាំ 2024 SHE ចាប់ផ្តើមដំណើរការជាកម្មវិធីមួយដែលគាំទ្រសហគ្រិន និងផ្តោតសំខាន់លើយេនឌ័រក្រោមអង្គការ iDE ហើយនឹងបន្តផ្តល់កម្មវិធីដើម្បីគាំទ្រដល់សហគ្រិនស្ត្រី និងអាជីវកម្មលក្ខណៈគ្រួសារនៅក្នុងប្រទេសកម្ពុជា។

ចុច​ទីនេះ ដើម្បីស្វែងយល់បន្ថែមអំពី SHE

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.