បណ្តាញគឺជាជំនាញដ៏សំខាន់មួយជួយជំរុញឲអាជីវកម្មរបស់យើងកាន់តែមានភាពរីកចំរើន។ ការអភិវឌ្ឍ និងការរក្សារទំនាក់ទំនងដ៏រឹងមាំវាជាមួយដៃអាជីវកម្ម អ្នកវិយោគ និងបុគ្គលិកដ៏មានជំនាញវាជួយឲអាជីវកម្មរបស់អ្នករីកចំរើនឈានទៅកាន់ភាពជោគជ័យ។
អ្នកអាចបង្កើតបណ្តាញតាមរយៈការចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាផ្សេងៗ ឬតាមរយៈអីុម៉ែល និងតាមរយៈបណ្តាញសង្គមផ្សេងៗដែលមនុស្សពេញនិយមប្រើដូចជាហ្វេសប៊ុកជាដើម។
នៅក្នុងនោះផងដែរអំឡុងពេលដែលអ្នកទំនាក់ទំនងដើម្បីបង្កើតបណ្តាញអាកប្បកិរិយា និងពាក្យសម្តីដំបូងរបស់អ្នកដែលនឹងធ្វើការសន្ទនាជាមួយបុគ្គលណាម្នាក់នោះអាចធ្វើឲ្យអ្នកដឹងថាតើបុគ្គលដែលអ្នកចង់បង្កើតបណ្តាញជាមួយគាត់ចង់សន្ទនាជាមួយយើងវិញរឺក៏អត់។ ដើម្បីធ្វើអោយការចាប់ផ្តើមសន្ទនាយើងមានភាពគួរឲ្យចាប់អារម្មណ៍ និងទទួលបានភាពជោគជ័យក្នុងការបង្កើតបណ្តាញ។អ្នកគួររៀនអភិវឌ្ឍន៍ និងអនុវត្ត “Elevator specch” ហើយនិងរៀនពីវិធីសាស្ត្រសរសេរអីុម៉ែលដ៏មានប្រសិទ្ធភាព។
Elevator Speech: ដើម្បីអភិវឌ្ឍន៍ និងអនុវត្ត elevator speech
អ្នកត្រូវសេង្ខបអំពីខ្លួនអ្នក និងអាជីវកម្មរបស់យើងដោយយកតែចំណុចសំខាន់ៗមកនិយាយបានហើយ។ ជាទូទៅ Elevator speech យើងមិនត្រូវនិយាយលើសពី ២០-៣០ វិនាទីទេ។ វាហាក់បីដូចជានៅពេលដែលយើងជួបជាមួយដៃគូអាជីវកម្មសំខាន់ជាលើកដំបូងនៅក្នុងជណ្តើរយន្តអញ្ចឹងបន្ទាប់មកគេមានបំណងចង់ធ្វើការទំនាក់ទំនងជំនួញជាមួយអ្នក ច្បាស់ណាស់គេប្រាកដជាសួរនាំអ្នកពីខ្លួនអ្នកនិងអាជីវកម្មរបស់អ្នក ក្នុងកាលទេសៈបែបនេះអ្នកមិនមានពេលច្រើនដើម្បីបរិយាយទេ។ អ្នកមានពេលយ៉ាងហោចណាស់ ២០-៣០ វិនាទីប៉ុណ្ណោះ ដើម្បីធ្វើការពន្យល់ និងបកស្រាយយ៉ាងណាដើម្បីឲ្យគេស្ងើចសរសើរនិងយើង ហើយគេចង់សំុព័ត៌មានលំអិតរបស់យើងសម្រាប់ទាក់ទងនៅពេលក្រោយ។ សម្រាប់ Elevator speech អ្នកត្រូវសង្ខេបនៅចំណុចសំខាន់ដែលយើងគិតថាវាគួរអោយចាប់អារម្មណ៍ និងចង់ចាំវាដើម្បីចៀសវាងការនិយាយរដាក់រដុបមិនបានល្អ!
គន្លឹះក្នុងការអភិវឌ្ឍ និងអនុវត្ត Elevator speech មានដូចខាងក្រោមនេះ:
-
ចាប់ផ្តើមដំបូងដោយការបរិយាយអំពីអាជីវកម្មរបស់អ្នក ហើយត្រូវផ្តោតលើបញ្ហាដែលអ្នកបានដោះស្រាយ មិនត្រឹមតែប៉ុណ្ណាះទេអ្នកត្រូវតែរៀបរាប់ពីអត្ថប្រយោជន៍ដែលអាជីវកម្មអ្នកបានចូលរួមចំនែកក្នុងការអភិវឌ្ឍន៍សង្គមផងដែរ។ រៀបរាប់បន្ថែមនូវព័ត៌មានស្ថិតិជាភាគរយដែលបង្ហាញពីគុណតម្លៃពីអាជីវកម្មរបស់អ្នក។ គុណប្រយោជន៍នៃព័ត៌មានស្ថិតិជាភាគរយវាខ្លីចំពោះខ្លួនអ្នកក៏ស្រួលចាំ ហើយអ្នកស្តាប់គាត់ក៏ងាយស្រួលយល់។
-
បង្ហាញពីចំណុចដែលអាជីវកម្មរបស់អ្នកមានលក្ខណៈខុសគេដែលអ្នកដទៃមិនមានដូច។ តើអ្វីដែលអ្នកធ្វើអោយអាជីវកម្មអ្នកមានលក្ខណៈខុសគេដែលគ្មាននរណាធ្វើដូចបាន? ចូរពន្យល់ពីវា
-
សួរសំណួរបើកដើម្បីអោយដៃគូអ្នកបានចូលរួមចំណែកក្នុងការសន្ទនា
-
រៀនអនុវត្តម្តងហើយម្តងទៀត ពេលដែលអ្នកអនុវត្តអ្នកអាចអនុវត្តជាមួយនាឡិកាកំនត់នាទី។ ដាក់កំនត់ ៣០វិនាទី ហើយអ្នកអាចអនុវត្តធ្វើបទបង្ហាញ Elevator speech ជាមួយមិត្តភ័ក្ត ឬគ្រួសាររបស់អ្នក។
រៀនពីការសរសេរអីុម៉ែលដែលមានប្រសិទ្ធភាព
ការរៀនសរសេរអីុម៉ែលមួយអោយបានល្អគឺយើងត្រូវអនុវត្តតាមវិធី២យ៉ាងគឺទីមួយយើងត្រូវរៀនពីរបៀបសរសេរ និងផ្ងើអីុម៉ែលដល់មនុស្សគោលដៅ និងទីពីរការរក្សាទំនាក់ទំនងល្អក្នុងការឆ្លើយតបអីុម៉ែលបន្ទាប់ពីយើងបានទំនាក់ទំនងទៅគេម្តងហើយ។
-
របៀបនៃការសរសេរ និងផ្ងើរអីុម៉ែលដល់មនុស្សគោលដៅ: ដើម្បីបង្កើតបណ្តាញយើងអាចផ្ងើរតាមរយៈអីុម៉ែលទៅកាន់នរណារម្នាក់ដែលយើងចាប់អារម្មណ៍ក្នុងការសហការជាមួយ។
- ទម្រង់ខ្លឹមសារក្នុងអីុម៉ែលគួរមានលក្ខណៈសាមញ្ញ ខ្លីមានខ្លឹមសារល្អ។ យើងត្រូវចាំថាមនុស្សគោលដៅរបស់យើងមានការមមាញឹកក្នុងការងារគាត់ណាស់។ គាត់និងមិនមានពេល ច្រើនក្នុងការអានអីុម៉ែលមួយដែលមានលក្ខណៈវែង ហើយមានខ្លឹមសារស្មុគស្មាញនោះទេ។ ដូច្នោះហើយយើងមិនគួរខ្ជះខ្ជាយពេលវេលារបស់គាត់ទេ សរសេរអីុម៉ែលដែលមានលក្ខណៈខ្លី ច្បាស់លាស់ និងត្រូវតម្រូវចិត្តអ្នកអាន។
- យើងត្រូវដឹងថាមនុស្សគោលដៅយើងជាមនុស្សបែបណា ដូចជា តើគាត់មានតួនាទីអ្វីក្នុងការងារ? តើសិក្ខាសាលាបែបណាដែលគាត់ចូលចិត្តចូលរួម? គាត់មានចំណង់ចំណូលចិត្តលើអ្វី? វិធីសាស្ត្រដែលល្អសម្រាប់ការផ្ងើអីុម៉ែលដំបូងអ្នកគួរតែនិយាយអំពីគេឲបានច្រើនជាជាងនិយាយពីខ្លូនអ្នករហូត។
- តភា្ជប់ទំនាក់ទំនងជាមួយអ្នកដទៃទៀតឲ្យបានកាន់តែច្រើន។ ក្នុងនោះផងដែរអ្នកអាចទំនាក់ទំនងជាមួយដែលអ្នកមានចំនង់ចំណូលចិត្តដូចគ្នាជាមួយអ្នក ឬមិត្តភ័ក្ត្ររបស់មិត្តអ្នក។ ការបង្កើតទំនាក់ទំនងបែបនេះជាវិធីសាស្ត្រដ៏ល្អមួយព្រោះពួកគាត់ងាយចង់ចាំអ្នក ពេលដែលជួបលើកក្រោយទៀតយ៉ាងហោចគាត់ចាំថាអ្នកជាមិត្តរបស់មិត្តគេ ឬអ្នកមានចំណង់ចំណូលចិត្តដូចគ្នានិងគាត់ដែរ។
- ការរក្សាទំនាក់ទំនងឲ្យបានល្អ: បន្ទាប់ពីអ្នកធ្លាប់បានជួបទំនាក់ទំនងជាមួយពួកគាត់ម្តងហើយ បន្ទាប់ពីនោះអ្នកច្បាស់ជាប្រើប្រាស់អីុម៉ែលក្នុងការរក្សាទំនាក់ទំនងជាមួយមនុស្សដែលអ្នកធ្លាប់បានជួបកន្លងមក។ ការរក្សាទំនងទំនងឲ្យបានល្អជាញឹកញាប់ជាមួយអ្នកដែលយើងធ្លាប់មានទំនាក់ទំនងជាមួយវាប្រសើរជាងបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗទៀត។ បើសិនយើងគិតតែទំនាក់ទំនងជាមួយមនុស្សថ្មីៗហើយមិនខ្វល់រក្សាទំនាក់ទំនងជាមួយអ្នកដែលអ្នកស្គាល់ពីមុននោះបណ្តាញអ្នកមិនមានភាពរឹងមាំទេ។
- កំុគ្រាន់តែអីុម៉ែលទៅគេនៅពេលដែលយើងត្រូវការជំនួយការធ្វើបែបនេះវាពិតជាមិនល្អក្នុងការរក្សាទំនាក់ទំនងទេ។ ការបង្កើតបណ្តាញមិនមែនមានន័យថាយើងគិតតែចង់បានពីគេរហូតតែប៉ុណ្ណាះទេតែយើងត្រូវមានការផ្តល់ឲ្យផងដែរ។ ការបង្កើតបណ្តាញ និងរក្សាទំនាក់ទំនងល្អគឺត្រូវមានការផ្តល់ឲ្យគ្នាទៅវិញទៅមក។
- ទម្រង់អីុម៉ែលដែលមានលក្ខណៈគួរឲ្យចាប់អារម្មណ៍: អីុម៉ែលពួកគេអំពីប្រធានបទ ឬព្រឹត្តិការណ៍ដែលអ្នកគិតថាពួកគេចាប់អារម្មណ៍ដោយពឹងផ្អែកលើចំណង់ចំណូលចិត្តរបស់ពួកគេ។ លើសពីនេះទៅទៀតអ្នកអាចសួរសំណួរទាក់ទងពីអាជីវកម្មរបស់គេជាដើម។
ជាចុងក្រោយពេលដែលអ្នកចង់បង្កើតបណ្តាញអ្នកមិនគួរចាំដល់ពេលដែលមានសិក្ខាសាលា ឬព្រឹត្តិការណ៍ពិសេសណាមួយទេ។ ចាប់ផ្តើមអនុវត្តន៍វាជារៀងរាល់ថ្ងៃជាមួយមិត្តភក្តិអ្នក មិត្តរួមការងារ និងអ្នកជិតខាងរបស់អ្នកនិយាយប្រាប់គេអំពីអាជីវកម្ម និងអ្វីដែលអ្នកបានធ្វើ។ មិនថាអ្នកណាឡើយដែលនៅជំុវិញខ្លួនអ្នក អ្នកអាចបង្កើតទំនាក់ទំនងជាមួយគេបានទាំងអស់។ សូមកំុខ្លាចនៅក្នុងការចាប់ផ្តើមសន្ទនា!
0 Comments