សហគ្រិនឆ្នើមប្រចាំខែ ធ្នូ 2017
កញ្ញា សួង សុវឌ្ឍនា
សហស្ថាបនិក E House App
អតីតសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាន 2016 នៅ សីុ អិុនវេសមិន (SHE Investments)
តាមបទពិសោធន៍របស់កញ្ញាដែលមានភាពលំបាកដែលក្នុងការស្វែងរកកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យនាពេលដែលកញ្ញាមកបន្តការសិក្សានៅភ្នំពេញលើកដំបូង។ កញ្ញា សួង សុវឌ្ឍនា បានបង្កើត E House App ឡើងដើម្បីជួយសម្រួលដល់សិស្ស-និស្សិត និងកម្មករនៅតាមខេត្តដែលបានធ្វើចំណាកស្រុកមកភ្នំពេញឲ្យមានភាពងាយស្រួលក្នុងការស្វែងរកកន្លែងស្នាក់ដែលមានតម្លៃសមរម្យ និងប្រកបដោយសុវត្ថិភាពផងដែរ។ E House App ដើរតួជាឈ្មួញកណ្តាល ហើយក៏ជា App មួយដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ ពីព្រោះ E House មានដៃគូជាច្រើនជាមួយម្ចាស់បន្ទប់ជួល ផ្ទះល្វែង និងមានធ្វើកិច្ចព្រមព្រៀងត្រឹមត្រូវដើម្បីធានាសុវត្ថិភាពជូនសិស្ស-និស្សិត និងកម្មករ។ កញ្ញា សួង សុវឌ្ឍនា បានបញ្ចប់វគ្គបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាននៅ ស៊ី អ៊ិនវេសមិន (SHE Investments) កាលពីឆ្នាំ 2016។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលយើងឃើញថាកញ្ញាបានអភិវឌ្ឍច្រើននៅលើការងារដែលកញ្ញាកំពុងធ្វើ
តោះ!អានបទសម្ភាសន៍របស់យើងជាមួយនឹងកញ្ញាបន្តិចមើ់ល!
សំណួរ៖ តើកញ្ញាបានចាប់ផ្តើមដំណើរការអាជីវកម្មនេះបានរយៈពេលប៉ុន្មានឆ្នាំហើយ?
ចម្លើយ៖ ខ្ញុំ និងក្រុមការងារបានចាប់ផ្តើមធ្វើការស្រាវជ្រោវទីផ្សារតាំងពីឆ្នាំ 2015 ហើយ E House App បានដាក់ឲ្យដំណើរការជាផ្លូវការក្នុងខែ មករា ឆ្នាំ 2017 នេះ។
សំណួរ៖ តើកញ្ញាស្គាល់ ស៊ី អ៊ិនវេសមិន (SHE Investments) តាមរយៈណាដែរ?
ចម្លើយ៖ ខ្ញុំបានទៅចូលរួមសន្និបាតរបស់ SHE ហើយខ្ញុំបានលឺថានៅ SHE មានផ្តល់វគ្គបណ្តុះបណ្តាលអាជីវកម្មសម្រាប់ស្ត្រី។
សំណួរ៖ ចុះហេតុអ្វីបានជាបងសម្រេចចិត្តក្នុងការចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាននៅ ស៊ី អ៊ិនវេសមិន (SHE Investments)?
ចម្លើយ៖ ខ្ញុំសម្រេចចិត្តចូលរួម ពីព្រោះខ្ញុំមានបំណងចង់អភិវឌ្ឍជំនាញធ្វើអាជីវកម្ម។ លើសពីនេះទៅទៀតខ្ញុំបានទទួលអាហារូបករណ៍ពីវគ្គបណ្តុះបណ្តាលរបស់ SHE ទើបខ្ញុំមានឱកាសចូលរួមបំពេញនូវអ្វីដែលខ្ញុំខ្វះខាត។
សំណួរ៖ តើឧបសគ្គអ្វីដែលកញ្ញាបានជួបប្រទះហើយកញ្ញាគិតថាវាមានភាពលំបាកជាងគេ?
ចម្លើយ៖ នៅពេលដែលខ្ញុំនិងក្រុមការងារខ្ញុំធ្វើការស្រាវជ្រោវទីផ្សារ នាពេលនោះយើងមិនមានទុនគ្រប់គ្រាន់ដើម្បីធ្វើឲ្យគំនិតនៃការបង្កើត E House App កើតមានឡើងទេ។ ប៉ុន្តែដោយសារបានចូលរួមវគ្គបណ្តុះបណ្តាលនៅ ស៊ី អ៊ិនវេសមិន (SHE Investments) ពួកគាត់បានជួយគាំទ្រ និងលើកទឹកចិត្តខ្ញុំដែលជាជម្រុញឲ្យខ្ញុំមានទំនុកចិត្តខ្លួនឯងច្រើនជាងមុន។ ពេលនោះពួកយើងបានដាក់ពាក្យប្រកួតធ្វើបទបង្ហាញអាជីវកម្មរបស់កម្មវិធី Epic ហើយក្រុមការងារខ្ញុំនិងខ្ញុំបានទទួលប្រាក់រង្វាន់ក្នុងការធ្វើឲ្យគំរោងមួយនេះរីកចំរើនមកដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះ E House App បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ E House App មានភាពងាយស្រួលប្រើប្រាស់ សម្រាប់សិស្ស-និស្សិត ដែលចំណាកស្រុកមកបន្តការសិក្សានៅទីក្រុងភ្នំពេញ។ ពួកគាត់នឹងមិនជួបការលំបាកក្នុងការស្វែងរកផ្ទះស្នាក់នៅដែលមានទាំងសុវត្ថិភាព និងតម្លៃសមរម្យទៀតនោះទេ។
សំណួរ៖ តើកញ្ញាមានដំបូន្មានអ្វីដើម្បីផ្ញើជូនស្ត្រីដែលទើបតែចាប់ផ្តើមអាជីវកម្ម?
ចម្លើយ៖ បើសិនជាបងៗឬប្អូនៗដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្មខ្លួនឯង ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកស្វែងរកដៃគូអាជីវកម្មដែលអ្នកអាចទុកចិត្តបាន មិនថាគាត់ជាគ្រួសារ មិត្តភក្តិ ឬក៏មិត្តរួមការងារទេ ឲ្យតែពួកគាត់មានការតាំងចិត្ត និងប្តេជ្ញាចិត្តមិនរាថយ អ្នកគួរតែជ្រើសយកដៃគូម្នាក់នោះ។
សំណួរ៖ សូមរៀបរាប់ពាក្យបីម៉ាត់ដែលកញ្ញាចង់បង្ហាញពីអារម្មណ៍ក្រោយទទួលបានវគ្គបណ្តុះបណ្តាលពីស៊ី អ៊ិនវេសមិន (SHE Investments)?
ចម្លើយ៖ ការគាំទ្រ ការជំរុញលើកទឹកចិត្ត និងការប្តេជ្ញាចិត្ត
សំណួរ៖ សូមបរិយាយពាក្យមួយឃ្លាដែលបានដែលបានផ្លាស់ប្តូរជីវិត ក៏ដូចជាអាជីវកម្មរបស់កញ្ញាតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ស៊ី អ៊ិនវេសមិន (SHE Investments)?
ចម្លើយ៖ ខ្ញុំមានភាពជឿជាក់លើខ្លួនឯងខ្លាំងជាងមុន។ ពេលដែលខ្ញុំចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាននៅ ស៊ី អ៊ិនវេសមិន ទើបខ្ញុំដឹងថាការបង្កើតបណ្តាញមានសារៈសំខាន់យ៉ាងណានៅក្នុងការធ្វើអាជីវកម្ម។ ជារៀងរាល់ថ្ងៃនេះខ្ញុំមានបណ្តាញច្រើនក៏ដោយសារខ្ញុំបានយកអ្វីដែលខ្ញុំបានរៀនពី SHE យកទៅអនុវត្តន៍។
សំណួរ៖ តើកញ្ញានឹងណែនាំវគ្គបណ្តុះបណ្តាលនេះទៅកាន់សហគ្រិនស្ត្រីដទៃទៀតដែរឬទេ? ហេតុអ្វី?
ចម្លើយ៖ ចាស់! ប្រាកដណាស់។ សម្រាប់ស្ត្រីគ្រប់រូបដែលមានបំណងក្នុងការអភិវឌ្ឍន៍ជំនាញបន្ថែមសម្រាប់ខ្លួនឯង និងអាជីវកម្ម ខ្ញុំសូមណែនាំឲ្យចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មរបស់ ស៊ី អ៊ិនវេសមិន (SHE Investments)។
ជាចុងក្រោយសូមអរគុណ កញ្ញា សួង សុវឌ្ឍនា យ៉ាងខ្លាំងដែលគាត់មានភាពក្លាហានក្នុងការចែករំលែកនូវបទពិសោធន៍របស់គាត់។ យើងពិតជាមានមោទនភាពមែនទែនក្នុងការបន្តជួយគាំទ្រគាត់ដើម្បីអភិវឌ្ឍអាជីវកម្ម និងសហគមន៍របស់គាត់។
តើអ្នកមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន និង ក្លាយជាសហគ្រិនដ៏ជោគជ័យដែរឬទេ? បើសិនជាអញ្ជឹងមែនដាក់ពាក្យមកកាន់ សីុ អិុនវេសមិន (SHE Investments) ថ្ងៃនេះ។
0 Comments