fbpx

សហគ្រិនឆ្នើមប្រចាំខែ

by | Nov 13, 2017 | Blog | 0 comments

សហគ្រិនឆ្នើមប្រចាំខែ វិច្ឆិកា 2017

កញ្ញា កង សំណាង

នាយកគ្រប់គ្រងទូទៅ Khmer Creation

អតីតសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលអាជីវកម្មខ្នាតតូចនៅ សីុអិុនវេសមិន


P1000105 copy.jpg

កញ្ញា កង សំណាង បានផ្តួចផ្តើម និងបង្កើតសហគ្រាសសង្គម Khmer Creation នេះបានរយៈពេល 9 ឆ្នាំហើយ។ Khmer Creation បង្កើតជំនាញនិងឱកាសការងារទៅដល់ស្ត្រីកម្ពុជាក្នុងការរកប្រាក់ចំណូលបន្ថែមដើម្បីចញ្ចឹមគ្រួសារឲ្យមានជីវភាពប្រសើរជាងមុន។ កញ្ញា សំណាង បានចូលរួមវគ្គបណ្តុះបណ្តាលនៅ សីុអិុនវេសមិន (SHE Investments) ក្នុងឆ្នាំ 2016 ដោយគាត់ចង់អភិវឌ្ឍនជំនាញផ្នែកគ្រប់គ្រងបុគ្គលិក និង អាជីវកម្មឲ្យកាន់តែមានភាពរីកចំរើនទៅមុខកាន់តែប្រសើរ។ ហើយក្តីសុបិន្តចុងក្រោយរបស់គាត់គឺ “ធ្វើការជាមួយស្ត្រីឲ្យបានកាន់តែបានច្រើនជាងមុននៅក្នុងសហគមន៍ដើម្បីជួយពួកគាត់ចេញពីភាពក្រីក្រតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញមួយច្បាស់លាស់”។

កញ្ញា សំណាង ត្រូវបានសម្ភាសន៍ដោយក្រុមការងារ SHE អំពីការរីកចម្រើននិងបញ្ហាប្រឈមនៃដំណើរការអាជីវកម្មរបស់គាត់បន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាល សីុ អិុនវេសមិន (SHE Investments)។ តោះមកអានបទសម្ភាសន៍របស់ សំណាង ទាំងអស់គ្នា

សំណួរ: តើកញ្ញាស្គាល់ សីុ អិុនវេសមិន (SHE Investments) តាមរយៈណាដែរ?

ចម្លើយ: ខ្ងំុស្គាល់ សីុ អិុនវេសមិន (SHE Investments) តាមរយៈ នាយកគ្រប់គ្រង និង ក្រុមព្រឹក្សាភិបាលរបស់ខ្ងំុ។

សំណួរ: ហេតុអ្វីកញ្ញាសម្រេចចិត្តចូលរួមវគ្គបណ្តុះបណ្តាលអាជីវកម្មខ្នាតតូចនៅសីុ អិុនវេសមិន (SHE Investments)?

ចម្លើយ: ប្រធានរបស់ខ្ងំុបានណែនាំខ្ងំុឲ្យចូលរួមវគ្គបណ្តុះបណ្តាលនេះ ព្រោះគាត់លឺថាវគ្គបណ្តុះបណ្តាលនេះល្អសម្រាប់អ្នកដែលចង់សិក្សាស្វែងយល់បន្ថែមពីការពង្រីក និងធ្វើអាជីវកម្មឲ្យកាន់តែជោគជ័យ។ ហើយខ្ងំុគិតថាវាជាអ្វីដែលខ្ងំុចង់បាន ដូចនេះហើយទើបខ្ងំុសម្រេចចិត្តដាក់ពាក្យចូលរួម។


DSCF0242 copy.jpg

សំណួរ: តើមានអ្វីខ្លះដែលបានផ្លាស់ប្តូរបន្ទាប់ពីកញ្ញាបានបញ្ចប់វគ្គបណ្តុះបណ្តាលនៅ សីុ អិុនវេសមិន (SHE Investments)?

ចម្លើយ: ចាប់តាំងពីបញ្ចប់ការសិក្សាពីកម្មវិធីបណ្តុះបណ្តាលអាជីវកម្មខ្នាតតូចនៅ SHE ជំនាញបង្កើតបណ្ដាញរបស់ខ្ងំុមានលក្ខណៈល្អប្រសើរជាងមុនហើយខ្ញុំបានទទួលការគាំទ្រការប្រឹក្សាយោបល់អំពីការដំណើរការអាជីវកម្មរបស់ខ្ញុំច្រើនជាងមុនផងដែរ។ ការទទួលបានការប្រឹក្សាយោបល់ ច្រើន។ វាជាការល្អក្នុងការពង្រីកអាជីវកម្ម ព្រោះថានៅពេលយើងមានបញ្ហាជាប់គាំងដែលយើងដោះស្រាយមិនចេញយើងមានអ្នកដែលអាចប្រឹក្សានឹងជួយជំរុញយើងក្នុងការដោះស្រាយបាន ហើយការគាំទ្រនិងលើកទឹកចិត្តក៏សំខាន់ដែរ។ 

សំណួរ: កញ្ញាអាចប្រាប់យើងបានទេថាឧបសគ្គអ្វីខ្លះដែលកញ្ញាជួបប្រទះ ហើយកញ្ញាធ្វើយ៉ាងដូចម្តេចដើម្បីយកឈ្នះវា?

ចម្លើយ: មុនពេលចូលរួមវគ្គបណ្តុះបណ្តាលនៅ សីុ អិុនវេសមិន (SHE Investments) ខ្ងំុមានបញ្ហាក្នុងការគ្រប់គ្រងបុគ្គលិក ប៉ុន្តែបន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាលនៅ SHE ហើយខ្ងំុបានរៀនពី “វិធីសាស្ត្រគ្រប់គ្រងបុគ្គលិក”។ SHE បានបង្រៀនពីវីធីនៅក្នុងការនិយាយជាមួយបុគ្គលិក និងការតាមដានការងារបន្ទាប់ពីយើងផ្ទេរការងារឲ្យបុគ្គលិកយើង។

សំណួរ: តើកញ្ញាមានពាក្យពេចន៍ ក៏ដូចជាដំបូន្មានអ្វីដែលចង់ផ្តាំផ្ញើទៅកាន់ស្ត្រីដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម?

ចម្លើយ: អ្នកត្រូវត្រៀមខ្លួនជាមុន មុននឹងបើកអាជីវកម្ម ព្រោះថាយើងនឹងជួបឧបសគ្គជាច្រើនដែលយើងអាចនឹងងាយចុះចាញ់។ ខ្ងំុនិយាយបែបនេះ មិនមែនទម្លាក់ទឹកចិត្តអ្នកក្នុងការធ្វើអាជីវកម្មទេ ខ្ងំុគ្រាន់តែចង់ឲ្យអ្នកត្រៀមខ្លួនជាមុនជាមួយបញ្ហាដែលនឹងកើតមានឡើង។ ហើយខ្ងំុជឿជាក់ថាអ្នកអាចធ្វើបាន មិនថាមានបញ្ហាអ្វីកើតមានឡើងក៏ដោយ។ ដំបូន្មានចុងក្រោយ មុននឹងបើកអាជីវកម្មអ្នកគួរដឹងថាខ្លួនមានជំនាញច្បាស់លាស់ក្នុងផ្នែកគ្រប់គ្រង និង មានទំនុកចិត្តខ្ពស់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។ បើមិនមានអ្នកអាចចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ស្តីពីការគ្រប់គ្រង។


DSCF0243 copy.jpg

សំណួរ: សូមរៀបរាប់ពាក្យបីម៉ាត់ដែលបង្ហាញពីអារម្មណ៍របស់កញ្ញាពីវគ្គបណ្តុះបណ្តាលអាជីវកម្ម សីុ អិុនវេសមិន (SHE Investments)?

ចម្លើយ: ការបើកចិត្តទូលាយក្នុងការស្តាប់មតិយោបល់ និងរៀនអ្វីដែលថ្មីពីអ្នកដទៃ ការប្រឹក្សាយោបល់ពេលដែលអ្នកមានបញ្ហា និង ការឆ្លុះបញ្ចាំងខ្លួនយើង។

សំណួរ: តើកញ្ញានឹងណែនាំសហគ្រិនដទៃទៀតឲ្យចូលរួមវគ្គបណ្តុះបណ្តាលនៅ សីុ អិុនវេសមិន (SHE Investments) ដែរឬទេ?

ចម្លើយ: ចាស៎ ប្រាកដណាស់! ជាពិសេសអ្នកដែលទើបនឹងចាប់ផ្តើមអាជីវកម្ម និងអ្នកដែលមានអាជីវកម្មខ្នាតតូច។ SHE អាចជួយគាំទ្រអ្នកជាគំនិត និងយោបល់ក្នុងដែលអ្នកត្រួវការក្នុងការធ្វើឲ្យអាជីវកម្មអ្នកកាន់តែរីកចំរើន។

ជាចុងក្រោយសូមអរគុណ កញ្ញា កង សំណាង យ៉ាងខ្លាំងដែលគាត់មានភាពក្លាហានក្នុងការចែករំលែកនូវបទពិសោធន៍របស់គាត់។ យើងពិតជាមានមោទនភាពមែនទែនក្នុងការបន្តជួយគាំទ្រគាត់ដើម្បីអភិវឌ្ឍអាជីវកម្ម និងសហគមន៍របស់គាត់។ 

តើអ្នកមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន និង ក្លាយជាសហគ្រិនដ៏ជោគជ័យដែរឬទេ? បើសិនជាអញ្ជឹងមែនដាក់ពាក្យមកកាន់ សីុ អិុនវេសមិន (SHE Investments) ថ្ងៃនេះ។ 

 

0 Comments